អង្ករ​កម្ពុជា ៤ប្រភេទ​ដែលត្រូវ​ EU កំណត់​យកពន្ធ

  • 2019-01-21 02:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្ករ​កម្ពុជា​ដែល​ត្រូវបាន​សហភាព​អឺរ៉ុប(EU) កំណត់​ឱ្យ​បង់ពន្ធ មាន​ចំនួន​តែ​៤ប្រភេទ​ប៉ុណ្ណោះ ដែលជា​ប្រភេទ​អង្ករ​ស និង​អង្ករ​ក្រអូប រួមមាន៖ លេខកូដ 10063027, 10063048, 10063067 ជា​ប្រភេទ​អង្ករស និង​កូដ 10063098 ជា​ប្រភេទ​អង្ករ​ក្រអូប។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វិធានការ​ការពារ​ទីផ្សារ​ដោយសារ EU កាត់ពន្ធ​លើ​ការ​នាំចូល​អង្ករ​នៅ​កម្ពុជា ទៅ​ទីផ្សារ​អឺរ៉ុប កាលពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៩។

សន្និសីទសារព័ត៌មានរបស់​ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩។ រូបថត៖ AKP
លោក​អះអាង​ថា កម្ពុជា​នឹង​ខាតបង់​លើ​ពន្ធ​អង្ករ​ប្រមាណ ៥០លាន​ដុល្លារ​ក្នុង​១ឆ្នាំ លើការ​នាំចូល​អង្ករ​ទៅ​កាន់​សហភាព​អឺរ៉ុប ក្រោយពី​សហភាព​អឺរ៉ុប សម្រេច​កំណត់​ពន្ធ​នាំចូល​អង្ករ ៤ប្រភេទ​របស់​កម្ពុជា​ខាងលើ​នេះ។

ប្រភេទ​អង្ករ​ខាងលើ​នេះ ត្រូវបានEU ធ្វើការ​សម្រេច​គិតពន្ធ ក្រោយមាន​ការស្នើសុំ​ឱ្យមាន​ការពិនិត្យ​លើការ​នាំចូល​អង្ករ​របស់​កម្ពុជា និង​ប្រទេស​មីយ៉ាន់ម៉ា ពី​ប្រទេស​ជា​សមាជិក​អឺរ៉ុប ដោយ​លើកឡើង​ថា អង្ករ​ទាំងនេះ បាន​ធ្វើ​ឱ្យប៉ះពាល់​ដល់​ចំណែក​ទីផ្សារ​អង្ករ​របស់​ប្រទេស​ជា​សមាជិក​នៅ​សហគមន៍​អឺរ៉ុប។

លោក សុខ សុភ័ក្រ្ត បន្ថែម​ថា សហគមន៍​អឺរ៉ុប​បាន​សម្រេច​កំណត់ពន្ធ​តម្លៃ ១៧៥អឺរ៉ូ ក្នុង​អង្ករ១តោន​នៅឆ្នាំ​ដំបូង បន្ទាប់​មក​អត្រា​ដកហូត​ពន្ធ​គយ​នឹងធ្លាក់ចុះ​ដល់​ចំនួន ១៥០អឺរ៉ូ​នៅឆ្នាំ​ទីពីរ ហើយ​នៅឆ្នាំទី៣ អត្រា​ពន្ធគយ​លើ​អង្ករ​នាំចូល​ពីកម្ពុជា និង​មីយ៉ាន់ម៉ា នឹង​ធ្លាក់ចុះ​មកនៅត្រឹម​១២៥អឺរ៉ូ ហើយ​នៅឆ្នាំ​បន្ត​​បន្ទាប់​តម្លៃ​នឹងធ្លាក់​ចុះ​បន្ថែម​ផងដែរ។

បើទោះ​បីជា​ការ​សម្រេច​កំណត់​ពន្ធ​​អង្ករ​មកលើ​កម្ពុជា​នេះ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​នេះ ស្របពេល​ដែល​អង្ករ​នាំចេញ​ពី​កម្ពុជា ទៅអឺរ៉ុប​មានជិត ២៧ម៉ឺន​តោន ស្មើ​នឹង​៤២,៩៨​ភាគរយ នៃ​ចំនួន​ដែលបាន​នាំចេញ​ទាំងអស់​ចំនួន​៦២ម៉ឺន​តោន​ក៏ដោយ ក៏​កម្ពុជា នៅមាន​សង្ឃឹម​ក្នុងការ​តវ៉ា​លើ​ការ​ទាមទារ​ឱ្យ EU គិត​ឡើងវិញ​ពីការ​កំណត់ពន្ធ​នេះ ដោយ​ហេតុផល​ថា អង្ករ​ដែលនាំ​ចូល​ទៅទីផ្សារ EU នេះ មិនបាន​អន្តរាយ​ដល់​ប្រទេស​ដាំអង្ករ​នៅអឺរ៉ុប​នោះទេ ព្រោះ​អឺរ៉ុប​មិនមាន​ដាំ​ប្រភេទ​អង្ករក្រអូប និង​អង្ករស ដែលនាំ​ចូល​ពី​កម្ពុជា​នោះឡើយ។ នេះបើតាម​ការលើកឡើង​បន្ថែម​របស់​លោក​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម។

គួរបញ្ជាក់​ថា កាលពី​ឆ្នាំ២០១៨​កន្លង​ទៅ អង្ករ​កម្ពុជា​ជិត ២៧ម៉ឺន​តោន ត្រូវ​បាននាំ​ចូល​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ដែល​ធ្វើឱ្យ​អឺរ៉ុប​ក្លាយជា​ទីផ្សារ​ធំបំផុត សម្រាប់​អង្ករ​កម្ពុជា ដែលមាន​ចំណែក​ទីផ្សារ​រហូត​ដល់​ទៅជាង ៤៣ភាគរយ​នៃ​តួលេខ​អង្ករ​កម្ពុជា​នាំចេញទៅ​ទីផ្សារ​អន្តរជាតិ៕

អត្ថបទ​ទាក់ទង

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;