រោងចក្រ iPhone ទី២ គ្រោង​ផ្លាស់​ទៅ​វៀតណាម ក្រោយ​ Foxconn បាន​សិទ្ធិ​ប្រើប្រាស់​ដី

  • 2019-01-28 07:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Foxconn ដែល​ជា​ក្រុមហ៊ុន​ដំឡើង iPhone ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក បាន​ប្រកាស​ថា ​ខ្លួន​ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​ដី សម្រាប់​គម្រោង​សាងសង់​រោងចក្រ​ថ្មី នៅ​ក្នុង​ប្រទេស​វៀតណាម​ហើយ។ បន្ទាប់ពី Foxconn ប្រកាស​ផ្លាស់ប្ដូរ​រោងចក្រ ពី ចិន​ទៅ​កាន់​វៀតណាម​រួចមក ក្រុមហ៊ុន Pegatron គឺជា​ក្រុមហ៊ុន​ដំឡើង iPhone ទី​២ ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៩ ពី​គម្រោង​សាងសង់​រោងចក្រ​ថ្មី​នៅ វៀតណាម។

Pegatron មាន​ចំណែក​ជាង ៣០% នៃ​ការ​ដំឡើង iPhone ឲ្យ​ក្រុមហ៊ុន​ផ្លែប៉ោម​អាមេរិក​ Apple ។

រោងចក្រដំឡើង iPhone មួយកន្លែង នៅចិន (រូបថត៖ AP)
យោង​តាម​សារព័ត៌មាន Financial Times ចុះ​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០១៩​ បាន​ឲ្យដឹង​ថា ក្រុមហ៊ុន Pegatron ដែល​មាន​ទីស្នាក់ការ​នៅ​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​ប្រកាស​ថា ខ្លួន​នឹង​សាងសង់​រោងចក្រ​ដំឡើង​ថ្មី នៅ​ក្នុង​ប្រទេស​ចំនួន ៣ រួមមាន​ វៀតណាម ឥណ្ឌូណេស៊ី និង​ឥណ្ឌា។

បើ​តាម​ប្រភព​ចុះផ្សាយ​ លោក SJ Liao ប្រធាន​ក្រុមហ៊ុន Pegatron បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​នឹង​ប្រកាស​ពី​សេចក្ដី​លម្អិត​ នូវ​គម្រោង​នៅ​ក្នុង​ប្រទេស​វៀតណាម ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។ លោក​បន្ត​ថា ការ​ពង្រីក​ខ្លួន​របស់ Pegatron នៅ​ក្រៅ​ប្រទេស​ចិន លឿន​ឬ​ឆាប់ គឺ​អាស្រ័យ​លើ​ការ​វិវឌ្ឍ​បន្ត​ទៀត នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​។

ក្រោយ​ទទួល​ផល​ប៉ះពាល់​ដោយសារ​ពន្ធ​នាំចូល​របស់​អាមេរិក ដែល​បាន​កំណត់​លើ​ផលិតផល​ដែល​ដំឡើង​ក្នុង​ប្រទេស​ចិន កាលពី​ចុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន Pegatron បាន​ងាក​ពី​ចិន​ទៅ​តៃវ៉ាន់ និង​បាន​ជួល​រោងចក្រ​ នៅ​តំបន់​ឧស្សាហកម្ម​មួយ នៅ​កោះ Batam ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌូណេស៊ី។ ក្រុមហ៊ុន ក៏​មាន​គម្រោង​សាងសង់​រោងចក្រ​ជា​ច្រើន​ទៀត នៅ​វៀតណាម និង​ឥណ្ឌា ក្នុង​រយៈពេល ៣​ឆ្នាំ​ខាងមុខ​។

Financial Times ឲ្យ​ដឹង​ទៀត​ថា Apple មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ណាមួយ ដែល​បញ្ជា​ឲ្យ Foxconn និង Pegatron ដំឡើង ​iPhone នៅ​រោងចក្រ ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​ចិន​នោះ​ទេ​។

សូម​ជម្រាប​ថា Foxconn ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម ផ្ដល់​ដី​សម្រាប់​សាងសង់​រោងចក្រ នៅ​ក្នុង​តំបន់​ឧស្សាហកម្ម ស្ថិត​នៅ​ភាគ​ឦសាន ក្រុង​ហាណូយ។ ចំពោះ​គម្រោង​នៅ​ឥណ្ឌា Foxconn កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​នៅ​ឡើយ ដោយសារ​បញ្ហា​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​បញ្ហា​ច្បាប់ ហើយ​​រដ្ឋាភិបាល​ឥណ្ឌា មិនបាន​អនុវត្ត​តាម​សន្យា​ក្នុង​ការ​ផ្ដល់​ការ​លើកទឹកចិត្ត​ផ្នែក​វិនិយោគ៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;