សម្តេច ហ៊ុន សែន ស្នើឲ្យជប៉ុនវិនិយោគលើប្រព័ន្ធដឹកជញ្ជូននៅភ្នំពេញ
- 2019-08-22 02:25:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ស្នើឲ្យជប៉ុនវិនិយោគលើប្រព័ន្ធដឹកជញ្ជូននៅភ្នំពេញ
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋន្រ្តីកម្ពុជាបានស្នើឲ្យក្រុមហ៊ុនជប៉ុនមកធ្វើវិនិយោគតាមប្រព័ន្ធ BOT លើប្រព័ន្ធដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញ។ នេះបើយោង តាមការបញ្ជាក់របស់លោក កៅ គីមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ ការស្នើរនេះធ្វើឡើងក្នុងជំនួបរវាង សម្ដេច ហ៊ុន សែន ជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ណូរីកាហ្សូ ស៊ូហ្សុយគី (Norikazu SUZUKI) ដែលបានចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព នៅថ្ងៃទី២១ ខែសីហា។
លោក កៅ គីមហួន បានឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖ ទស្សនកិច្ចរបស់លោក អនុរដ្ឋមន្ត្រីការបរទេសជប៉ុនមកកាន់ប្រទេសកម្ពុជានេះ គឺជាជំហានមួយទៀតបន្ទាប់ពីការពង្រីកនិងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងជប៉ុន។
លោក ណូរីកាហ្សូ ស៊ូហ្សុយគី ក៏បានបញ្ជាក់ដែរថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជា ។ លោក បានលើកឡើងអំពីការងារមួយចំនួនជាពិសេសគម្រោងដែលជប៉ុនបានជួយកម្ពុជា ហើយគម្រោងទាំងនោះកំពុងអនុវត្តន៍ដូចជាផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ៥ គម្រោងនៅរាជធានីភ្នំពេញ គម្រោងនៅតាមបណ្តាខេត្តមួយចំនួន រួមមានវិស័យទឹកស្អាត ការជួសជុល ប្រាសាទផងដែរ។
សម្តេច ហ៊ុន សែន ក៏បានថ្លែងអរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានជួយដល់ប្រទេសកម្ពុជាចាប់តាំងពីដំណើរការស្វែងរកសន្តិភាព បន្ទាប់មកដំណាក់កាលស្ដារប្រទេសកម្ពុជាឡើងវិញ ជប៉ុនបានផ្ដល់ជំនួយច្រើនជាងគេដល់ប្រទេសកម្ពុជា៕
ចុចអាន៖
កម្ពុជា ប្រកាសពីយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម ឆ្នាំ ២០១៩-២០២៣
អាណត្តិ ៣ឆ្នាំរបស់ទូតជប៉ុន៖ ជប៉ុន ចុះកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង ១៥០លានដុល្លារ ជាមួយកម្ពុជា