ប្រមុខការពារជាតិអាមេរិក លើកឡើងសេណារីយ៉ូ២ ជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូង
- 2018-06-02 03:40:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រមុខការពារជាតិអាមេរិក លើកឡើងសេណារីយ៉ូ២ ជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូង
ចន្លោះមិនឃើញ
លោក Jim Mattis រដ្ឋមន្រ្តីការពារអាមេរិក បានលើកឡើងពីសេណារីយ៉ូចំនួន២ លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ជាមួយនឹងក្រុងប៉េកាំង ដែលសេណារីយ៉ូទាំងពីរនោះ មានទាំងកិច្ចសហការ និងការប្រឈមមុខដាក់គ្នាដោយកម្លាំង។ ការលើកឡើងរបស់ប្រមុខការពារជាតិអាមេរិករូបនេះ បានធ្វើឡើងអំឡុងលោកចូលរួមកិច្ចប្រជុំ Shangri-La ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី នាថ្ងៃទី២ ខែមិថុនា ២០១៨នេះ។
លោក Jim Mattis បានលើកឡើងសេណារីយ៉ូទីមួយថា អាមេរិកមានឆន្ទៈដើម្បីធ្វើការជាមួយចិនលើទំនាក់ទំនងតម្រង់ឆ្ពោះទៅរកលទ្ធផល។ ចំណែកសេណារីយ៉ូទីពិរ លោកបានលើកឡើងថា សកម្មភាពរបស់ក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងបានក្លាយជាចម្ងល់នៃចេតនារបស់ចិន ហើយមន្ទីរបញ្ចកោណអាមេរិកនឹងតទល់ដោយកម្លាំង ប្រសិនបើចាំបាច់។
ជាងនេះទៅទៀត តាមរយៈសុន្ទរកថាដែលត្រូវបានរៀបចំទុកជាមុន ប្រមុខការពារជាតិអាមេរិករូបនេះបានថ្លែងថា "គោលនយោបានចិននៅសមុទ្រចិនខាងត្បូងមានជំហរផ្ទុយស្រឡះទៅនឹងការបើកទូលាយ ដែលជាការសន្យាយុទ្ធសាស្រ្តរបស់ពួកយើង។ វាត្រូវតែមានការងឿងឆ្ងល់ពីគោលបំណងដ៏មហិមារបស់ចិន"។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោករដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះ គឺស្របពេលដែលចិន និងអាមេរិកកំពុងមានភាពតានតឺងដាក់គ្នាជាថ្មី លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ កាលពីខែឧសភា ២០១៨ កន្លងទៅ កងទ័ពអាកាសចិនបានប្រើយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងចុះចតនៅលើកោះជម្លោះ ក្នុងដែនសមុទ្រចិនខាងត្បូង។ នៅខែឧសភានេះដដែល តាមរយៈរូបភាពដែលចាប់បានពីផ្កាយរណប បានបង្ហាញថា ក្រុងប៉េកាំងបានរៀបចំដំឡើងមីស៊ីលជាច្រើនប្រភេទ នៅលើកោះ Woody ក្នុងសមុទ្រចិនខាងត្បូង។ ប៉ុន្ដែជាមួយគ្នានេះ នាវាចម្បាំងអាមេរិក ២គ្រឿងក៏បានចូលមកក្នុងដែលសមុទ្រចិនខាងត្បូងផងដែរ កាលពីចុងខែឧសភា កន្លងទៅ៕
អត្ថបទទាក់ទង៖
ក្រុងប៉េកាំងព្រលះអាមេរិក រឿងពង្រីកយោធានៅសមុទ្រចិនខាងត្បូង
ចិនព្រមាននាវាចម្បាំងអាមេរិក ២គ្រឿង ឲ្យចាកចេញពីសមុទ្រចិនខាងត្បូងជាបន្ទាន់
ចិនប្រតិកម្មនឹងការចោទប្រកាន់ ជុំវិញការចុះចតយន្តហោះទម្លាក់គ្រាប់បែកនៅសមុទ្រចិនខាងត្បូង