បឹងធំៗ៤នៅរាធានីភ្នំពេញ នឹងត្រូវវិវត្តទៅជាទីក្រុងរណបនាពេលអនាគត
- 2018-06-04 13:09:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឹងធំៗ៤នៅរាធានីភ្នំពេញ នឹងត្រូវវិវត្តទៅជាទីក្រុងរណបនាពេលអនាគត
ចន្លោះមិនឃើញ
បឹងធំៗចំនួន៤ ទាំងក្នុង និងនៅជាយរាជធានីភ្នំពេញ បានក្លាយជាទិសដៅអភិវឌ្ឍន៍សម្រាប់ធ្វើជា តំបន់ពាណិជ្ជកម្ម និងទីក្រុងរណបជាដើម ដែលក្នុងនោះមានដូចជា បឹងពោងពាយ បឹងកក់ បឹងទំពុន និងបឹងជើងឯក។
បឹងពោងពាយ៖ ស្ថិតនៅក្នុងខណ្ឌសែនសុខ ប៉ែកខាងជើងនៃរាជធានីភ្នំពេញ កំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន លីយ៉ុង ផាត់ គ្រុប (L.Y.P Group) ដែលមានឈ្មោះថាទីក្រុងពោងពាយ (Pong Peay City)។ បច្ចុប្បន្ន មានផ្សារលំដាប់អន្តរជាតិធំៗចំនួន២ហើយ ត្រូវបានដាក់ឲ្យដំណើរការ ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងមួយនេះ។ បើតាមផែនការមេរបស់ទីក្រុងពោងពាយ នឹងមានគម្រោងអភិវឌ្ឍន៍ ដូចជា មណ្ឌលសនិ្នបាទ មជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងទំនើប សណ្ឋាគារ សាលាអន្តរជាតិ អគារអាផាតមិន និងលំនៅឋានខុនដូជាដើម។
បឹងទំពុន និងបឹងជើងឯក៖ ក្រុមហ៊ុន ING Holding ទទួលបានសិទ្ធអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯក ដើម្បីប្រែក្លាយជាទីក្រុងរណបដ៏ទំនើបមួយនាពេលអនាគត ដោយគ្រោងចំណាយប្រមាណ ៦៩៦លានដុល្លារអាមេរិក លើផ្ទៃដី ២៥៧២ហិកតា។ គម្រោងសាងសង់ទីក្រុងរណបនេះត្រូវបាន គេរំពឹងថា នឹងបញ្ចប់នៅអំឡុងឆ្នាំ២០៣៥។
អតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ មានកំណើនកើនឡើងយ៉ាងឆាប់រហ័ស ហេតុដូច្នេះហើយការរៀបចំតំបន់អភិវឌ្ឍន៍ ឬទីក្រុងរណបគឺត្រូវតែធ្វើជាចាំបាច់។
លោក មេត មាសភក្តី មន្រ្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា រាល់គោលការណ៍សម្រេច នៃការអភិវឌ្ឍទីតាំងធំៗក្នុងតំបន់ណាមួយត្រូវបានឆ្លងអនុម័តដោយគណៈរដ្ឋមន្រ្តី។
លោកបានពន្យល់ថា ការអភិវឌ្ឍរាជធានីភ្នំពេញដែលប្រើប្រាស់ទីតាំងអតីតបឹងបួរមួយ ដូចដែលរៀបរាប់ខាងលើនេះ គឺត្រូវបានរៀបចំអភិវឌ្ឍន៍ទៅតាមប្លង់ និងបទដ្ឋានបច្ចេកទេស ដើម្បីឱ្យស្រប ទៅតាមបរិបទនៃការរស់នៅរបស់ប្រជាជនក្នុងរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្នកំណើនប្រជាជននៅរាជធានី កើនឡើងដល់ប្រមាណជិត ៣លាននាក់ហើយ៕
អត្ថបទពាក់ព័ន្ធ៖
តម្លៃអចលនទ្រព្យនៅសែនសុខ នឹងឡើងថ្លៃ១កម្រិតទៀត បន្ទាប់ពីអ៊ីអនម៉លទី២ បើកដំណើការ
តំបន់ផ្លូវ៦០ម៉ែត្រ នឹងក្លាយជាតំបន់បណ្តុំពាណិជ្ជកម្មនាពេលអនាគត