រដ្ឋមន្រ្តីរំពឹងថា បាក់ឌុបឆ្នាំនេះ អាចនឹងមានសិស្សជាប់និទ្ទេស A កើនជាងឆ្នាំមុន
- 2018-09-05 09:40:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីរំពឹងថា បាក់ឌុបឆ្នាំនេះ អាចនឹងមានសិស្សជាប់និទ្ទេស A កើនជាងឆ្នាំមុន
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានរំពឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០១៨នេះ អាចនឹងមានសិស្សជាប់និទ្ទេស A កើនជាងឆ្នាំ២០១៧ ដោយសារតែសិស្សមានការខំប្រឹងប្រែងរៀនសូត្រត្រៀមប្រឡង ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីចំនួនបានឡើយ។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងឱកាសអបអរសាទរសិស្សនិស្សិតដែលជាប់អាហារូបករណ៍ទៅរៀននៅប្រទេសអង់គ្លេស កាលពីថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៨។
លោកបានអះអាងថា ការប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ហើយលោកប្ដេជ្ញាថា នឹងខិតខំកែលម្អការប្រឡងឱ្យមានលក្ខណៈល្អប្រសើរបន្ថែមទៀត។
រដ្ឋមន្រ្តីរូបនេះបន្ថែមថា លទ្ធផលផ្លូវការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងត្រូវប្រកាសលឿនជាងការគ្រោងទុក ដោយសារតែការស្រង់ និងបូកពិន្ទុប្រឡងដំណើរការបានរលូន ពោលគឺរាជធានីភ្នំពេញនិងខេត្តកណ្ដាល នឹងប្រកាសនៅថ្ងៃទី០៩កញ្ញា។ ដោយឡែកនៅតាមបណ្ដាខេត្តផ្សេងៗទៀត នឹងប្រកាសនៅថ្ងៃទី១០កញ្ញា។
បើតាមការជូនដំណឹងរបស់ក្រសួងអប់រំនាពេលកន្លងមក លទ្ធផលប្រឡងបាក់ឌុប នឹងត្រូវប្រកាសនៅថ្ងៃទី១១កញ្ញា សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែកឯបណ្ដាខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៨៕
អត្ថបទទាក់ទង៖
សម្ដេចនាយករដ្ឋមន្ត្រី បង្ហើបពីរង្វាន់ដែលនឹងឲ្យសិស្សនិទ្ទេស A ឆ្នាំ២០១៨
សម្ដេច ហ៊ុន សែន ផ្ដល់កាដូអ្វីខ្លះឲ្យសិស្សជាប់និទ្ទេស A ៤ឆ្នាំចុងក្រោយនេះ?
លទ្ធផលសិស្សជាប់បាក់ឌុប មានការប្រែប្រួលយ៉ាងណា គិតចាប់ពីឆ្នាំ២០១៤?