ព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗប្រចាំសប្តាហ៍
- 2018-11-11 07:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗប្រចាំសប្តាហ៍
ចន្លោះមិនឃើញ
[ខ្លីៗ] សូមលើកយកព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗ ដែលកើតមានឡើងក្នុងសប្តាហ៍នេះ មកបង្ហាញជូនដូចខាងក្រោម។
១. សម្តេច ហ៊ុន សែន ប្រតិកម្មនឹងការលើកឡើងរបស់លោក សម រង្ស៊ី ជុំវិញការដោះលែងលោក កឹម សុខា
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តតាកែវ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន បានប្រាប់លោក សម រង្ស៊ី ឱ្យរង់ចាំមើល ថាតើនឹងមានការដោះលែងលោក កឹម សុខា ក្នុងឱកាសខួបទី២០ នៃនយោបាយឈ្នះៗ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដូចការលើកឡើងរបស់អតីតមេបក្សប្រឆាំងរូបនេះ ឬយ៉ាងណា។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា លោក កឹម សុខា ពុំទាន់ត្រូវបានតុលាការផ្ដន្ទាទោស និងមានទោស ដែលអាចឲ្យសម្ដេចនាយករដ្ឋមន្រ្តីទូលថ្វាយព្រះមហាក្សត្រ ដើម្បីលើកលែងទោសនោះទេ។
២. នាយករដ្ឋមន្រ្តី បញ្ជាឱ្យរដ្ឋមន្រ្តី២រូប ពិនិត្យលើករណីប្រធានសហជីព ដែលកំពុងជាប់បណ្តឹងនៅតុលាការ
សម្ដេច ហ៊ុន សែន បានប្រាប់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិនិត្យ និងពន្លឿនករណីប្រធានសហជីពកំពុងជាប់បណ្ដឹងនៅតុលាការ។ សម្ដេច ហ៊ុន សែន ថា បើករណីណាអាចកាត់ទោសបាន ត្រូវពន្លឿនការកាត់ទោស ហើយបើករណីណាអាចលើកលែងការចោទប្រកាន់បាន ត្រូវលើកលែងការចោទប្រកាន់។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅខេត្តតាកែវ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
៣. អាមេរិក អបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអបអរសាទរប្រជាជនកម្ពុជា សម្រាប់ខួបលើទី៦៥ នៃថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា ថ្ងៃទី៩ វិច្ឆិកា ២០១៨។ ក្រសួងដដែលបន្ដថា ការផ្សារភ្ជាប់រវាងប្រជាជនអាមេរិក និងកម្ពុជា បានផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ អាមេរិក ថាខ្លួននឹងចូលរួមចែករំលែកក្ដីសង្ឃឹមរបស់កម្ពុជា សម្រាប់ការវិវត្តនៃសង្គមសេរី វិបុលភាព ប្រជាធិបតេយ្យ និងយុត្តិធម៌។