អង្ករកម្ពុជា ៤ប្រភេទដែលត្រូវ EU កំណត់យកពន្ធ
- 2019-01-21 02:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្ករកម្ពុជា ៤ប្រភេទដែលត្រូវ EU កំណត់យកពន្ធ
ចន្លោះមិនឃើញ
អង្ករកម្ពុជាដែលត្រូវបានសហភាពអឺរ៉ុប(EU) កំណត់ឱ្យបង់ពន្ធ មានចំនួនតែ៤ប្រភេទប៉ុណ្ណោះ ដែលជាប្រភេទអង្ករស និងអង្ករក្រអូប រួមមាន៖ លេខកូដ 10063027, 10063048, 10063067 ជាប្រភេទអង្ករស និងកូដ 10063098 ជាប្រភេទអង្ករក្រអូប។ នេះបើតាមការបញ្ជាក់របស់លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការការពារទីផ្សារដោយសារ EU កាត់ពន្ធលើការនាំចូលអង្ករនៅកម្ពុជា ទៅទីផ្សារអឺរ៉ុប កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។
ប្រភេទអង្ករខាងលើនេះ ត្រូវបានEU ធ្វើការសម្រេចគិតពន្ធ ក្រោយមានការស្នើសុំឱ្យមានការពិនិត្យលើការនាំចូលអង្កររបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ពីប្រទេសជាសមាជិកអឺរ៉ុប ដោយលើកឡើងថា អង្ករទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ចំណែកទីផ្សារអង្កររបស់ប្រទេសជាសមាជិកនៅសហគមន៍អឺរ៉ុប។
លោក សុខ សុភ័ក្រ្ត បន្ថែមថា សហគមន៍អឺរ៉ុបបានសម្រេចកំណត់ពន្ធតម្លៃ ១៧៥អឺរ៉ូ ក្នុងអង្ករ១តោននៅឆ្នាំដំបូង បន្ទាប់មកអត្រាដកហូតពន្ធគយនឹងធ្លាក់ចុះដល់ចំនួន ១៥០អឺរ៉ូនៅឆ្នាំទីពីរ ហើយនៅឆ្នាំទី៣ អត្រាពន្ធគយលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ា នឹងធ្លាក់ចុះមកនៅត្រឹម១២៥អឺរ៉ូ ហើយនៅឆ្នាំបន្តបន្ទាប់តម្លៃនឹងធ្លាក់ចុះបន្ថែមផងដែរ។
បើទោះបីជាការសម្រេចកំណត់ពន្ធអង្ករមកលើកម្ពុជានេះ បានធ្វើឱ្យប៉ះពាល់ដល់វិស័យស្រូវអង្ករនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងនេះ ស្របពេលដែលអង្ករនាំចេញពីកម្ពុជា ទៅអឺរ៉ុបមានជិត ២៧ម៉ឺនតោន ស្មើនឹង៤២,៩៨ភាគរយ នៃចំនួនដែលបាននាំចេញទាំងអស់ចំនួន៦២ម៉ឺនតោនក៏ដោយ ក៏កម្ពុជា នៅមានសង្ឃឹមក្នុងការតវ៉ាលើការទាមទារឱ្យ EU គិតឡើងវិញពីការកំណត់ពន្ធនេះ ដោយហេតុផលថា អង្ករដែលនាំចូលទៅទីផ្សារ EU នេះ មិនបានអន្តរាយដល់ប្រទេសដាំអង្ករនៅអឺរ៉ុបនោះទេ ព្រោះអឺរ៉ុបមិនមានដាំប្រភេទអង្ករក្រអូប និងអង្ករស ដែលនាំចូលពីកម្ពុជានោះឡើយ។ នេះបើតាមការលើកឡើងបន្ថែមរបស់លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅ អង្ករកម្ពុជាជិត ២៧ម៉ឺនតោន ត្រូវបាននាំចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ដែលធ្វើឱ្យអឺរ៉ុបក្លាយជាទីផ្សារធំបំផុត សម្រាប់អង្ករកម្ពុជា ដែលមានចំណែកទីផ្សាររហូតដល់ទៅជាង ៤៣ភាគរយនៃតួលេខអង្ករកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ៕
អត្ថបទទាក់ទង៖
សម្តេច ហ៊ុន សែន៖ កម្ពុជា ត្រូវខិតខំពង្រីកទីផ្សារឱ្យបានច្រើន ក្រៅពីអាមេរិក និងអឺរ៉ុប
EU ចាប់ផ្តើមយកពន្ធនាំចូលអង្ករពីកម្ពុជា ជាង២០០ដុល្លារ ក្នុង១តោន ចាប់ពីថ្ងៃ១៨មករា
ក្រសួងពាណិជ្ជកម្ម សោកស្ដាយនឹងរឿង EU យកពន្ធអង្ករកម្ពុជា