ប៊ូអ៊ីញ នឹង​ខាតលុយប៉ុន្មាន​ បើ​ក្រុមហ៊ុន​នានា​លុបចោល​ការ​កុម្ម៉ង់​ទិញ​យន្តហោះ 737 Max?

  • 2019-03-15 03:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ទីភ្នាក់ងារ​វាយ​តម្លៃ​ឥណទាន Moody's ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​យន្តហោះ ប៊ូអ៊ីញ (Boeing) កំពុង​ផលិត និង​ជំពាក់​អ្នក​កុម្ម៉ង់​ទិញ​ យន្តហោះ​ប្រភេទ Boeing 737 Max ប្រមាណ ​៤៦៩៩​គ្រឿង។

ប្រសិនបើ ក្រុមហ៊ុន​អាកាសចរណ៍​នានា លុបចោល​ការ​កុម្ម៉ង់​ទិញ​ប្រភេទ Boeing 737 Max នោះ ក្រុមហ៊ុន ប៊ូអ៊ីញ អាច​ខាតបង់​ប្រមាណ​ជាង ៤០០ ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​តម្លៃ​ប៉ាន់ស្មាន​របស់​ទីភ្នាក់ងារ Moody's​ ។

ប៊ូអ៊ីញ ចំណេញ​ចន្លោះ​ពី ១២ ទៅ ១៥ លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​លក់​យន្តហោះ 737 Max 8 ក្នុង​មួយ​គ្រឿង​ដែល​មាន​តម្លៃ​ប្រហែល ១២០ លាន​ដុល្លារ​អាមេរិក។ យ៉ាងណា​ក៏ដោយ តម្លៃ​នេះ មិន​ត្រូវ​បាន​បញ្ជាក់​​ជា​ផ្លូវការ​ពី ប៊ូអ៊ីញ នោះ​ទេ​។

កាលពី​ឆ្នាំ២០១៨ ប៊ូអ៊ីញ​បាន​ផលិត យន្តហោះ​នេះ​បាន ៥២​គ្រឿង​ក្នុង​មួយខែ ហើយ​ក្រុមហ៊ុន​នេះ​គ្រោង​ផលិត​ឲ្យ​បាន ៥៧​គ្រឿង​ក្នុង​មួយ​ខែ នៅ​ឆ្នាំ​២០១៩​នេះ​។

សូម​ជម្រាប​ថា ប្រទេស​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក ដែល​រាប់​បញ្ចូល​ទាំង​សហរដ្ឋអាមេរិក ​បាន​ផ្អាក​ប្រតិបត្តិការ យន្តហោះ 737 Max បន្ទាប់ពី​ការ​ធ្លាក់​ជើង​ហោះហើរ​របស់​អាកាសចរណ៍​អេត្យូពី កាលពី​សប្ដាហ៍​មុន ដែល​បាន​សម្លាប់​មនុស្ស ១៥៧នាក់។​ វា​ជា​ការ​ធ្លាក់​លើក​ទី២ របស់​យន្តហោះ 737 Max ក្នុង​រយៈ​ពេល​មិន​ដល់​កន្លះ​ឆ្នាំ​ឡើយ ដោយ​ការ​​ធ្លាក់​លើកទី១ កើត​ឡើង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ ចំពោះ​ជើង​ហោះហើរ​របស់​អាកាសចរណ៍ Lion Air នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​សម្លាប់​មនុស្ស ១៨៩​នាក់​៕

អត្ថបទទាក់ទង

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;