ស្ថានទូតប្រទេសធំៗ៣ប្រចាំនៅកម្ពុជា ផ្ញើសាររំលែកទុក្ខ ចំពោះឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ
- 2019-06-25 04:37:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានទូតប្រទេសធំៗ៣ប្រចាំនៅកម្ពុជា ផ្ញើសាររំលែកទុក្ខ ចំពោះឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ស្ថានទូតជប៉ុន ចិន និងអាមេរិក ដែលប្រចាំនៅកម្ពុជា បានផ្ញើសាររំលែកទុក្ខនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ចំពោះឧបទ្ទវហេតុបាក់រលំអគារ ៧ជាន់នៅខេត្តព្រះសីហនុ ដែលបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ។ ខាងក្រោមនេះ គឺជាសាររបស់ស្ថានទូតទាំង៣៖
-ស្ថានទូតជប៉ុន៖
«សាររំលែកទុក្ខពីឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា»
ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧបទ្ទវហេតុបាក់អគារដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទៅកាន់សុគតិភព។
-ស្ថានទូតចិន៖
ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានអារម្មណ៍ក្ដុកក្ដួលជាខ្លាំងអំពីឧបទ្ទេវហេតុបាក់រលំអគារក្នុងខេត្តព្រះសីហនុ
នៅពេលទៀបភ្លឺថ្ងៃទី២២ ខែមិថុនា អគារដែលទទួលសាងសង់ដោយជនជាតិចិន នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា បានជួបឧបទ្ទេវហេតុបាក់រលំ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ស្ថានទូតចិនប្រចាំកម្ពុជា មានអារម្មណ៍ក្ដុកក្ដួលសោកស្ដាយជាពន់ពេក និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតបានទៅកាន់សុគតិភព សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផង។ ជាមួយគ្នានេះដែរ សូមជូនពរឲ្យជនរងគ្រោះ ដែលកំពុងទទួលការព្យាបាលបានជាសះស្បើយក្នុងពេលឆាប់ៗ។
ក្រោយឧបទ្ទេវហេតុកើតឡើង ស្ថានទូតចិនប្រចាំកម្ពុជា បានទំនាក់ទំនងផ្ទាល់ជាមួយសភាពាណិជ្ជកម្មចិននៅកម្ពុជា និងសហគ្រាសចិននៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីរៀបចំកម្លាំងជំនួយ និងសម្ភារៈ ចាត់ចែងគ្រឿងចក្រអេស្កាទ័រខ្នាតធំជាដើម ចូលរួមក្នុងសកម្មភាពសង្រ្គោះឲ្យបានទាន់ពេល។ តាមដំណឹងទទួលបាន សភាពាណិជ្ជកម្មចិននៅកម្ពុជា មកទល់នឹងពេលនេះកំពុងសម្របសម្រួលកិច្ចការសង្រ្គោះជាបន្តបន្ទាប់នៅទីនោះ។
បច្ចុប្បន្ន ជនជាតិចិនដែលពាក់ព័ន្ធនឹងឧបទ្ទេវហេតុលើកនេះ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនបានហើយ ភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុងចំពោះភាគីកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុលើកនេះ។
-ស្ថានទូតអាមេរិក
ស្ថានទូតអាមេរិកនៅភ្នំពេញមានការក្រៀមក្រំចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត នៅទីក្រុងព្រះសីហនុ ដោយសារការរលំអាគារ។ យើងសូមសម្តែងសមានទុក្ខដោយស្មោះ ចំពោះអ្នកដែលបាត់បង់សមាជិកគ្រួសារ និងមិត្តភក្តិ នៅក្នុងគ្រោះថ្នាក់នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹងថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគាររលំ រយៈពេល២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង ៧កន្លះយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ក្នុងនោះជនរងគ្រោះដែលក្រុមការងារបានជួយសង្គ្រោះមានចំនួនសរុប ៥៤នាក់ (ស្លាប់ ២៨នាក់ ស្រី៤នាក់ និងរបួស ២៦នាក់ ស្រី២នាក់)៕
អត្ថបទទាក់ទង៖
-បាក់រលំអគារនៅខេត្តព្រះសីហនុ៖ គ្រួសារសពទទួលបានថវិកាពី ៦ ទៅ ៧ម៉ឺនដុល្លារ
-រកឃើញអ្នកនៅមានជីវិត២នាក់ ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ
-រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ
-ស្ថានទូតចិន បង្ហាញអារម្មណ៍ក្តុកក្តួលខ្លាំងចំពោះការបាក់រលំអគារដែលសាងសង់ដោយជនជាតិចិន