រោងចក្រដំឡើង iPhone ធំទី១ ចាប់ផ្ដើមបោះជំហានចេញពីចិន ទៅកាន់វៀតណាម
- 2018-12-05 07:51:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រដំឡើង iPhone ធំទី១ ចាប់ផ្ដើមបោះជំហានចេញពីចិន ទៅកាន់វៀតណាម
ចន្លោះមិនឃើញ
ក្រុមហ៊ុន Foxconn ដែលជាដៃគូដំឡើង iPhone ធំទីមួយរបស់ Apple ទទួលខុសត្រូវលើការដំឡើង iPhone កំពុងរៀបចំផែនការ សាងសង់រោងចក្រថ្មីមួយ នៅប្រទេសវៀតណាម ដើម្បីបោះជំហានចាកចេញពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម។
Foxconn ជាក្រុមហ៊ុនធំ១ ដែលមានរោងចក្រដំឡើងទូរសព្ទច្រើនជាងគេ នៅក្នុងប្រទេសចិន។
យោងតាមសារព័ត៌មានវៀតណាម Vietnam Investment Review កាលពីថ្ងៃទី៣ធ្នូ ដោយស្រង់សម្ដីលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានឲ្យដឹងថា ក្រុមហ៊ុន Foxconn និងគណៈកម្មាធិការប្រជាជនក្រុងហាណូយ កំពុងសហការរៀបចំអនុវត្តគម្រោងបើករោងចក្រដំឡើង iPhone មួយកន្លែង នៅវៀតណាម។
ជុំវិញព័ត៌មាននេះ សារព័ត៌មាន Reuters បានទាក់ទងទៅកាន់លោក Loc ដើម្បីសុំការបំភ្លឺ ដោយលោកបានបង្ហើបថា ភាគីវៀតណាម និង Foxconn កំពុងពិភាក្សាគ្នា តែលោកមិនបានផ្ដល់សេចក្ដីលម្អិតនោះទេ។ ចំណែក ប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយ លោក Nguyen Duc Chung បានបដិសេធក្នុងការឆ្លើយតបនឹង Reuters ។ ដោយឡែក Foxconn ក៏មិនបានបកស្រាយពីបញ្ហានេះដែរ។
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ សហរដ្ឋអាមេរិក និងចិន បានឯកភាពគ្នាថា នឹងទុករយៈពេល ៩០ថ្ងៃដើម្បីធ្វើការចរចាគ្នាលើបញ្ហាពន្ធ ហើយភាគីទាំងពីរ មិនត្រូវដំឡើងពន្ធលើទំនិញទៅវិញទៅមកឡើយ ក្នុងរយៈពេលនេះ។ ការឯកភាពគ្នានេះ គឺក្រោយពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក គ្រោងយកពន្ធ ១០% លើ iPhone ដែលត្រូវបានផលិតនៅក្នុងប្រទេសចិន។
សូមរំឭកថា ក្រៅពី Foxconn មានក្រុមហ៊ុនដំឡើងផលិតផលរបស់ Apple ដទៃទៀត ដែលគ្រោងផ្លាស់ទីតាំងរោងចក្រ ចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម។ ក្រុមហ៊ុនចិន GoerJek ដែលមានរោងចក្រកំពុងដំឡើងកាស AirPods បានបង្ហើបពីគម្រោងផ្លាស់ទីតាំង ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម ដោយសារហានិភ័យបង្កដោយសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន។ ដូចគ្នានេះដែរ ក្រុមហ៊ុនតៃវ៉ាន់ Cheng Uei ដែលធ្វើការផលិតខ្សែ និងឆ្នាំងឆាក iPhone ព្រមទាំងក្រុមហ៊ុន Petragon ដែលជាក្រុមហ៊ុនដំឡើង iPhone ធំទី២បន្ទាប់ពីក្រុមហ៊ុន Foxconn ក៏បានលាតត្រដាងពីគម្រោងផ្លាស់មកកាន់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ក្នុងនោះមាន វៀតណាម ថៃ ហ្វីលីពីន ជាដើម៕
អត្ថបទទាក់ទង
ម្ចាស់រោងចក្រដំឡើងផលិតផល Apple គ្រោងផ្លាស់ទីតាំងមកកាន់អាស៊ីអាគ្នេយ៍
អាមេរិក និងចិន ឯកភាពគ្នាថា នឹងមិនដំឡើងពន្ធនាំចូលដាក់គ្នាទៀតឡើយ