ព្រឹត្តិការណ៍​នយោបាយ​ជាតិ-អន្តរជាតិ​សំខាន់ៗ​ប្រចាំ​សប្តាហ៍​

  • 2018-05-20 09:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Kley Kley សូមលើក​យក​ព្រឹត្តិការណ៍​នយោបាយ​ជាតិ និង​អន្តរជាតិ​សំខាន់ៗ ដែល​បាន​កើតឡើង​ក្នុង១សប្តាហ៍​កន្លងមក​នេះ មក​បង្ហាញ​ជូន​ដូច​ខាងក្រោម។

ព្រឹត្តិការណ៍​នយោបាយ​ជាតិ

១. គណបក្ស​ចំនួន​២០ បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​នាខែ​កក្កដា​ខាងមុខ

គិតចាប់ពី​ថ្ងៃទី​៣០ ខែ​មេសា ដល់ថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ​២០១៨ មាន​គណបក្ស​នយោបាយ​ចំនួន ២០ បាន​ចុះ​បញ្ជី​គណ​បក្ស​​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ នៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។

គិត​ត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០១៨ គ.ជ.ប បាន​ទទួលស្គាល់​ចុះបញ្ជី​ជាផ្លូវការគណបក្សចំនួន១៣ហើយ និងនៅសល់ ៧ទៀត នឹងត្រូវប្រកាសទទួលស្គាល់​ចុះ​បញ្ជី​ជាផ្លូវការ​ជាបន្តបន្ទាប់ទៀត។

ចុចអានលម្អិត

២. សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា ប្រកាស​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ខណៈ​អង្គការ​ធំ២ មិន​ចូលរួម

ខណៈ​ដែល​អង្គការ​ខុម​ហ្វ្រែល និង​អង្គការ​និ​ច​ហ្វ្រិ​ក បាន​ប្រកាស​មិន​ចូលរួម​សង្កេតការណ៍​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ខាងមុខ​នេះ សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា បាន​ប្រកាស​បញ្ជូន​សមាជិក​ប្រមាណ ២ពាន់​នាក់ ដើម្បី​ចូលរួម​ធ្វើជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅ​ទូទាំង​២៥​រាជធានី-ខេត្ត។

លោក ហេង វ៉ាន់ដា ប្រធាន​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា បានថ្លែង​ប្រាប់​ខ្លីៗ កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​ឧសភា​ថា ការ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ខាងមុខ​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ដោយ​រលូន យុត្តិធម៌ ត្រឹមត្រូវ សន្តិភាព និង​សុខមាលភាព​ជូន​ដល់​ប្រជាពលរដ្ឋ ព្រម​ទាំង​អាច​ទទួល​យកបាន​ផងដែរ។

ចុចអានលម្អិត

៣. គ.ជ.ប ស្នើ​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ ចាត់វិធានការ​លើ​អ្នក​ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត

លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​ស្នើសុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នក​ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ ឆ្នាំ​២០១៨។

ការ​ស្នើឲ្យ​មាន​វិធានការ​ច្បាប់​នេះ គឺ​បន្ទាប់​ពី​លោក សម រង្ស៊ី មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ និងជា​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំទៅ​បោះឆ្នោត និង​គ្រោង​បោះ​ខិតបណ្ណ​ចែក​ប្រជាពលរដ្ឋ កុំឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​នៅថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខនេះ​ថែមទៀត​ផង៕

ចុចអានលម្អិត

៤. លោក សួន សេរីរដ្ឋា ត្រូវ​តុលាការ​តម្កល់​ទោស​៥​ឆ្នាំ​ដដែល​ពី​បទ​ប្រមាថ​កងទ័ព

នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលា​ការ​កំពូល សម្រេច​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍ ទុកជា​បាន​ការ​ដ​ដែល ពោល​គឺ​លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណ​បក្ស អំណាច​ខ្មែរ ត្រូវ​ជាប់​គុក៥ឆ្នាំ​ដដែល ក្នុង​ករណី​ប្រមាថ​ធ្ងន់ធ្ងរ​លើ​កង​ទ័ព។

លោក​សួន សេរីរដ្ឋា ត្រូវ​ជាប់​ចោទ​ពី​បទ “​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់ បទ​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កង​ទ័ព និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា៤៧១ មាត្រា៤៧២ មាត្រា៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ”។

ចុចអាន​លម្អិត

ព្រឹត្តិការណ៍​នយោបាយ​អន្តរជាតិ

១. ស្លាប់ និង​របួស​រាប់​ពាន់​នាក់ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ជនជាតិ​ប៉ាឡេស្ទីន

ជនជាតិ​ប៉ាឡេស្ទីន ៥៨​នាក់​បាន​ស្លាប់ និង​ជាង ២៧០០​នាក់​បាន​រង​របួស ដោយសារ​កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​បាញ់រះ​គ្រាប់​កាំភ្លើង ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់បែក​ភ្លើង ដាក់​លើ​ក្រុម​អ្នក​តវ៉ា ដែល​បាន​ប្រមូលផ្ដុំ​ជាច្រើន​ទីតាំង កាលពិ​ថ្ងៃ​ទី១៤ ខែ​ឧសភា ២០១៨។ ការ​ប្រមូល​ផ្ដុំ​តវ៉ា​របស់​ជនជាតិ​ប៉ាឡេស្ទីន គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​បើក​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុង Jerusalem។

ចុចអាន​លម្អិត

២. កូរ៉េខាងជើង លុបចោល​ជំនួប​ចរចា​កម្រិត​ខ្ពស់​ជាមួយ​កូរ៉េខាងត្បូង

ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨​ បាន​ប្រកាស​លុប​ចោល​ជំនួប​ចរចា​កម្រិត​ខ្ពស់​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ដោយសារ​ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា​រវាង​កងទ័ព​អាកាស​កូរ៉េខាងត្បូង និង​អាមេរិក។

តាម​ការ​គ្រោង​ទុក គឺ​នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨​ គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​ប្រទេស​កូរ៉េទាំង​ពីរ នឹង​ត្រូវ​ជួប​ពិភក្សា​គ្នា នៅ​តំបន់​គ្មាន​យោធា ពី​យន្តការ​បន្ទាប់ ក្រោយ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចេអ៊ីន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន។ ចុចអាន​លម្អិត

៣. ប៉ូលិស​ចុះ​ឆែកឆេរ ៥​ទីតាំង ពាក់ព័ន្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី Najib Razak

ប៉ូលិស​ម៉ាឡេស៊ី បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ទីតាំង ៥​កន្លែង ចាប់​ទាំង​ពី​យប់​ថ្ងៃ​ទី១៦ ខែ​ឧសភា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី១៧ ខែ​ឧសភា ២០១៨​ ពាក់ព័ន្ធ​នឹង​អតីត​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក Najib Razak ដែល​ក្នុង​នោះ ក៏​មាន​ទាំង​ផ្ទះ​ដែល​ក្រុម​គ្រួសារ​របស់​លោក​រស់នៅ​ផង​ដែរ។ 

សូម​បញ្ជាក់​ថា ការ​ចុះ​ឆែកឆេរ​នៅ​ផ្ទះ​របស់​លោក Najib នេះ ធ្វើឡើង​បន្ទាប់ពី​លោក​ព្យាយាម​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។ ប៉ុន្តែ​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​ដាក់​ឈ្មោះ​របស់​លោក Najib និង​ភរិយា ក្នុង​បញ្ជី​ខ្មៅ ដោយ​មិន​អនុញ្ញាត​ឲ្យពួកគាត់​ចេញ​ពី​ប្រទេស​ឡើយ។

ចុចអាន​លម្អិត

៤. អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ព្រមព្រៀងគ្នា​បង្វែរ​ទិសដៅ​ហោះហើរ​របស់​យន្តហោះ B-52

សហរដ្ឋ​អាមេរិក ​កូរ៉េខាងត្បូង និង​ជប៉ុន នៅ​សប្ដាហ៍​នេះ បាន​ព្រមព្រៀង​គ្នា ដើម្បី​បង្វែរ​ទិសដៅ​ហោះហើរ​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ B-52 ចំនួន ២​គ្រឿង ចេញ​ពី​ឧប​ទ្វីប​កូរ៉េ ក្នុង​សប្តាហ៍​នេះ។

ការ​សម្រេច​នេះ ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ប្រឆាំង​នឹង​សមយុទ្ធ​របស់​យោធា​អាមេរិក​ក្នុង​ឧបទ្វីប​កូរ៉េ និង​គំរាម​មិន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល ដែល​ត្រូវ​ធ្វើឡើង​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ​ត្រាំ។

ចុចអាន​លម្អិត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;