នាយក​រដ្ឋមន្រ្តី​កម្ពុជា ហៅ​ប្រទេស​ចិន​ថា​ជា​ "បងប្អូន" ក្រោយ​ចិន​ប្រកាស​ផ្តល់​ជំនួយ​ជិត ៦០០លាន​ដុល្លារ

  • 2019-01-23 03:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​តាម​រយៈទំព័រ​ហ្វេសប៊ុក​នាព្រឹក​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា រដ្ឋាភិបាល​ប្រទេស​ចិន​ជា​បងប្អូន ដោយ​បាន​ប្រកាស​ផ្តល់នូវ​ជំនួយ​ជិត ៦០០លាន​ដុល្លារ ហើយ​បាន​ដំឡើង​កូតា​អង្ករ​​ រហូត​ដល់ ៤សែន​តោន​ ដល់​កម្ពុជា​ទៀតផង។

សម្តេច​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «កម្ពុជា​និង​ចិន គឺ​គោរព​ស្រឡាញ់​គ្នា​ដូចជា​បងប្អូន។ ការ​រីកចម្រើន​របស់​កម្ពុជា មកទល់​សព្វថ្ងៃ គឺ​មិនអាច​កាត់ផ្តាច់​ចេញពី​ទំនាក់ទំនង​ដ៏ល្អ និងការ​ចូលរួម​របស់មិត្ត​ចិន​បានឡើយ»។

ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​ចិន រយៈពេល​៣ថ្ងៃ​មកនេះ សម្តេច ហ៊ុន សែន បញ្ជាក់​ថា សម្តេច​បានជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង, លោក​នាយករដ្ឋមន្រ្តី លី ខឺឈាង និង​លោក​ប្រធាន​រដ្ឋសភា វ៉ាង យ៉ាង ដែលបាន​រឹត​ចំណង​មិត្តភាព​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ល្អ​រឹងមាំ​ថែមទៀត ជាពិសេស​គឺបាន​ពង្រឹង​ និងពង្រីក​នូវ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សំខាន់ៗ​ដូចជា កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ។

សម្តេច ហ៊ុន សែន​ ក្នុងជំនួបជាមួយលោក លី ខឺឈាង នៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ មករា ២០១៩ (រូបថត៖ ផ្តល់សិទ្ធិដោយ Reuters)
សម្តេច​បន្ត​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​រួចហើយ ដើម្បី​ជំរុញ​គម្រោង​ផ្លូវ១ខ្សែ​ក្រវាត់១ ជាមួយ​ប្រទេសចិន ឱ្យ​បាន​ជោគជ័យ។ ទន្ទឹម​នឹង​នេះដែរ ប្រទេស​ទាំងពីរ​ នឹង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម ឱ្យ​ឡើងដល់ ១០ពាន់​លាន​ដុល្លារ​នៅឆ្នាំ​២០២៣។

សូមជម្រាបថា នៅព្រឹកថ្ងៃ​ទី២៣ ខែមករា ឆ្នាំ​២០១៩​នេះ សម្តេច ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា វិលមក​កាន់​មាតុ​ប្រទេស​វិញ៕

អត្ថបទទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;