គណបក្ស ហ៊្វុន ស៊ិន ប៉ិច មានគោល​នយោបាយ លុប​បំបាត់​បទល្មើស​ក្នុង​មូលដ្ឋាន និង​មិនឱ្យមាន​អ្នកស្លាប់​ដោយ​អត់លុយ​ព្យាបាល​ឡើយ

  • 2017-05-31 04:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស ហ៊្វុន ស៊ិន ប៉ិច នឹង​អនុវត្ត​គោលនយោបាយ ៨ចំណុច នៅពេល​ជាប់ឆ្នោត​ជា មេឃុំ/ចៅ​សង្កាត់ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ។

១. លទ្ធិ​ប្រជា​ធិបតេយ្យ សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម៖ គោរព​ប្រជារាស្រ្ត​ម្ចាស់​អំណាច ម្ចាស់ទឹក ម្ចាស់​ដី បង្ក​លក្ខណៈ​ឱ្យ​ប្រជារាស្រ្ត​ចូលរួម​ធ្វើ​សេចក្តី​សម្រេ​ចចិត្ត។ ប្រជា​រាស្រ្ត​អាច​សម្តែង​មតិ និង​លើកជា​សំណូមពរ​អំពី​តម្រូវការ​ពួកគេ។ លើក​តម្កើង​សិទ្ធិ​សេរីភាព​ប្រជារាស្រ្ត និង​សមភាព​យេនឌ័រ។

២. សេវា​សាធារណៈ៖ ចេញ​លិខិត​ស្នាម​រដ្ឋបាល​ផ្សេងៗ ជូន​ប្រជារាស្រ្ត ដោយមិន​រើសអើង និងមិន​ប្រកាន់​បក្សពួក។ លុបបំបាត់​អំពើ​ពុករលួយ ចំពោះ​សេវា​សាធារណៈ​ក្នុង​ឃុំ-សង្កាត់ និងមិន​អនុញ្ញាត​ឱ្យយក​កម្រៃ លើ​លិខិត​ស្នាម​លើសពី​ច្បាប់​កំណត់​ឡើយ។

៣. អភិវឌ្ឍន៍​មូលដ្ឋាន៖ ស្វះស្វែង​រក​គម្រោង​អភិវឌ្ឍន៍​ពី​អង្គការ​នានា ឱ្យ​ចូលមក​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ឃុំ-សង្កាត់។ ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្រ្ត ទឹកស្អាត អគ្គិសនី ស្វែងរក​ការងារ​ជូន​ប្រជារាស្រ្ត នៅក្នុង​មូលដ្ឋាន។ ស្វែងរក​ទីផ្សារ និង​ធានា​តម្លៃ​កសិផល​ជូន​កសិករ ទប់ស្កាត់​ការចូល​ក្រឡុក​ទីផ្សារ​របស់​ឈ្មួញ។

៤. សុខមាល​ភាព និង​សង្គម​កិច្ច៖ រៀបចំ​ពេទ្យ​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ​ជំងឺ ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន។ រៀបចំ​មធ្យោបាយ​ដឹក​ជញ្ជូន​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់ ទៅ​មន្ទីរពេទ្យ និង​មិនឱ្យ​មាន​អ្នក​ស្លាប់ ដោយខ្វះ​ប្រាក់​សម្រាប់​ព្យាបាល​ឡើយ។

៥. សិក្សា​អប់រំ យុវជន និង​កីឡា៖ ជំរុញ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស សម្រាប់​ការ​សិក្សា​អប់រំ​ទាំងក្នុង និងក្រៅ​ប្រទេស និង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ បង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការ​សិក្សា និង​កីឡា​ជូនដល់​យុវជន និង​យុវនារី ក្នុង​មូលដ្ឋាន ដើម្បី​កាយ​សម្បទា​រឹងមាំ។

៦. សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ៖ មិន​ឱ្យមាន​ចោរលួច​ចោរប្លន់ បទល្មើស​នេសាទ ល្បែងស៊ីសង ក្រុម​បងតូច​បងធំ នៅ​ក្នុង​មូលដ្ឋាន​ឡើយ។

៧. ដីធ្លី៖ ទប់ស្កាត់​ការ​រឹបអូស និង​រំលោភ​យក​ដីធ្លី របស់​ប្រជារាស្រ្ត ពីអ្នក​មាន​អំណាច។ រៀបចំ​ដី​សង្គមកិច្ច និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជារាស្រ្ត។

៨. បរិស្ថាន និង​ធនធាន​ធម្មជាតិ៖ ចងក្រង​សហគមន៍​ការពារ​ព្រៃឈើ នៅ​មូលដ្ឋាន ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃឈើ។ គ្រប់គ្រង​ការ​បង្ហូរ​កាក​សំណល់ នៃ​សិប្បកម្ម​រោងចក្រ ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជារាស្រ្ត ក្នុង​មូលដ្ឋាន។

សូម​បញ្ជាក់​ថា គណបក្ស​ ហ៊្វុន ស៊ិន ប៉ិច បានចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត នៅ​ឃុំ-សង្កាត់ ចំនួន ៨៤៦ ក្នុង​គ្រប់​រាជធានី-ខេត្ត លើកលែង​តែ​ខេត្ត​ប៉ៃលិន​មួយ​ប៉ុណ្ណោះ ដែល​មាន​បេក្ខជន​សរុប​ចំនួន ១២៧៦២​នាក់ ក្នុងនោះ​ស្រ្តី ៤៨៥៨នាក់៕

អត្តបទ​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​គណបក្ស​ផ្សេងៗ៖

១. គណបក្ស​សំបុក​ឃ្មុំ​សង្គមប្រជាធិបតេយ្យ

២. គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា

៣. គណបក្ស​សញ្ជាតិ​កម្ពុជា

៤. គណបក្សសាធារណរដ្ឋ​ប្រជាធិបតេយ្យ

៥. គណបក្ស​យុវជន​កម្ពុជា

៦. គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

បញ្ជាក់៖ ខ្លីៗ នឹង​ជម្រាប​ជូន​ពី​គោល​នយោបាយ​របស់​គណបក្ស​ដទៃ​ទៀត​ជាបន្តបន្ទាប់

អត្ថបទ៖ សំភី

អត្ថបទថ្មី
;