ព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗប្រចាំសប្តាហ៍
- 2018-11-18 09:00:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗប្រចាំសប្តាហ៍
ចន្លោះមិនឃើញ
[ខ្លីៗ] សូមលើកយកព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗ ដែលកើតមានឡើងក្នុងសប្តាហ៍នេះ មកបង្ហាញជូនដូចខាងក្រោម។
១. សម្តេច ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅសិង្ហបុរី
សម្តេចនាយករដ្ឋមន្រ្តី បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ កិច្ចប្រជុំកំពូលអាស៊ាននេះ ធ្វើឡើងក្រោមប្រធានបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន» ដែលសម្តេចបានចាត់ទុកថា ទទួលបានលទ្ធផលវិជ្ជមានល្អ សម្រាប់កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងមូល។
២. ឯកអគ្គរដ្ឋទូតអាមេរិក បានស្នើសុំឱ្យរដ្ឋាភិបាលខ្លួន ដកទណ្ឌកម្មវីសាពីមន្រ្តីកម្ពុជា
ក្នុងជំនួបជាមួយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលនឹងចប់អាណត្តិនាពេលខាងមុខនេះ ថ្លែងថា លោកបានស្នើសុំឱ្យរដ្ឋាភិបាលរបស់លោក ពិនិត្យលទ្ធភាពសម្រួល ឬក៏ដកចេញនូវទណ្ឌកម្មទិដ្ឋាការ (វីសា) ពីមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន។ សម្តេច ស ខេង បានស្វាគមន៍ និងចាត់ទុកថា នេះជាអំណោយមួយសម្រាប់កម្ពុជា។
៣. រដ្ឋសភា បានអនុម័តច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៩
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដោយសំឡេង ១១៣ លើ ១១៥សំឡេង។ សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៣មាត្រា។ សូមបញ្ជាក់ថា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាជាតិសរុប ២៧ ១៦៤ ៩៩៦ លានរៀល (ជាង ៦,៧ពាន់លានដុល្លារ)។
៤. តុលាការ ផ្តន្ទាទោស នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានសម្រេចផ្តន្ទាទោស លោក នួន ជា អនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងលោក ខៀវ សំផន ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសណុំរឿង ០០២ វគ្គ ២។ អតីតមេដឹកនាំខ្មែរក្រហមទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៦មករា ១៩៧៩។
៥. កម្ពុជា ច្រានចោលចំពោះការផ្សព្វផ្សាយថា បរទេសមានបំណងយកទឹកដីខ្លួន ធ្វើជាមូលដ្ឋានយោធា
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងការពារជាតិ បានចេញសេចក្ដីថ្លែងការណ៍ ច្រានចោលការលើកឡើងរបស់សារព័ត៌មាន Asia Times ដែលថា ប្រទេសដទៃមានបំណងប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធា សុំចតនាវាចម្បាំង ហើយកម្ពុជាកំពុងស្ថិតនៅចំណុចកណ្ដាល នៃសង្គ្រាមត្រជាក់រវាងចិន និងអាមេរិក។
កាលពីថ្ងៃទី១៥វិច្ឆិកា សារព័ត៌មាននេះបានផ្សាយថា កម្ពុជាកំពុងក្លាយទៅជាដែនអាណានិគមនិយមរបស់ប្រទេសចិន។ ប្រទេសជិតខាងកម្ពុជា និងសហរដ្ឋអាមេរិក កំពុងតែបារម្ភពីការសាងសង់មូលដ្ឋាននាវាមួយ នៅក្នុងខេត្តកោះកុង ដែលទីនោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សម្បទានដីធ្លី ទំហំ ៤៥០០០ ហិកតា រយៈពេល៩៩ឆ្នាំឲ្យទៅចិន។