ព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗប្រចាំសប្តាហ៍
- 2018-12-02 07:49:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗប្រចាំសប្តាហ៍
ចន្លោះមិនឃើញ
[ខ្លីៗ] សូមលើកយកនូវព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗ ដែលកើតឡើងក្នុងសប្តាហ៍នេះ មកបង្ហាញជូនដូចខាងក្រោម៖
១. ទូតអាមេរិកចប់អាណត្តិ ពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា ពីបញ្ហាមូលដ្ឋានទ័ពបរទេស ដែលរងការចោទប្រកាន់
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលចប់អាណត្តិ លោក វីល្លៀម ហៃដ៍ នៅក្នុងជំនួបលាគ្នាមួយ ជាមួយលោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៨ បានថ្លែងទទួលស្គាល់នូវសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់រាជរដ្ឋាភិបាល ដែលអះអាងថា កម្ពុជានឹងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសណាមួយលើទឹកដីកម្ពុជានោះឡើយ។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានកត់សម្គាល់នូវសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងតម្លាភាពលើបញ្ហានេះ។
២. រណសិរ្ស រំដោះជាតិខ្មែរ សម្រេចបង្កើតគណបក្សរំដោះជាតិខ្មែរ
រណសិរ្សរំដោះជាតិខ្មែរ ដែលជារដ្ឋាភិបាលនិរទេស បានសម្រេចបង្កើតគណបក្សរំដោះជាតិខ្មែរ ដើម្បីចូលរួមការបោះឆ្នោតនៅអាណត្តិក្រោយ ឆ្នាំ២០២៣ ខាងមុខនេះ។ ការសម្រេចបង្កើតគណបក្សនេះ គឺបន្ទាប់ពីមានកិច្ចប្រជុំមួយរបស់រណសិរ្ស រំដោះជាតិខ្មែរ ដឹកនាំដោយលោក ធុយ វី កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
៣. រាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងជនជាតិចិន នៅខេត្តព្រះសីហនុ
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជុំវិញរឿងជនជាតិចិន នៅខេត្តព្រះសីហនុ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់សង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈ នៅក្នុងតំបន់នោះ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏មិនអនុញ្ញាតឱ្យមានសកម្មភាពទាំងឡាយណា ដែលមានចរិតរើសអើងពូជសាសន៍ កើតមាននៅក្នុងប្រទេសកម្ពុជាឡើយ។
៤. កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញបោះបង្គោលព្រំដែននៅតំបន់ដែលមិនទាន់ឯកភាព
ក្នុងជំនួបគ្នាមួយនៅក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ផាម បិញមិញ រដ្ឋមន្រ្តីការបរទេសវៀតណាម បានប្តេជ្ញាថានឹងខិតខំដោះស្រាយការងាររាំងស្ទះនានា ដើម្បីឈានទៅសម្រេចការបោះបង្គោលព្រំដែនរវាងប្រទេសទាំង២ឱ្យបានរួចរាល់ នៅតំបន់ដែលមិនទាន់មានការឯកភាពគ្នា។ កម្ពុជា និងវៀតណាម មានព្រំដែនគោករួមគ្នាប្រវែង១២៧០គីឡូម៉ែត ដែលត្រូវបោះបង្គោល ចំនួន៣១៤បង្គោល ក្នុងនោះសម្រេចការបោះបង្គោលបាន ៨៤%ហើយ។
៥. កម្ពុជា និងនេប៉ាល់ ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤
ក្រោយជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លោក ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី នាយករដ្ឋមន្រ្តីនេប៉ាល់ គឺភាគីទាំង២ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ ដូចជា៖ ការលើកលែងទិដ្ឋាការ (វីសា) សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ, កិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ, កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ២០១៨។