[វីដេអូ] រឿងរ៉ាវ​ដែល​អ្នក​មិន​ធ្លាប់ដឹង ពីភូមិ​ផលិត​សម្បក​ណែម នៅ​ឃុំ​ដូនទាវ

  • 2018-08-14 12:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ផលិត​សម្បក​ណែម គឺ​ជា​របរ​ដែល​អ្នក​ឃុំ​ដូន​ទាវ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង តែង​និយម​ធ្វើ​ស្ទើរ​គ្រប់​ផ្ទះ ជា​ច្រើន​ជំនាន់​ណាស់​មក​ហើយ​។ នៅ​ជំនាន់​ក្រោយ​ឆ្នាំ​១៩៧៩ ការ​ផលិត​សម្បក​ណែម​នៅ​ក្នុង​ឃុំ​នេះ មាន​ចំនួន​ជាង​២០០​គ្រួសារ ប៉ុន្តែ​បច្ចុប្បន្ន មាន​គ្រួសារ​តែ​ជាង​៦០​ប៉ុណ្ណោះ ដែល​នៅ​ប្រកប​របរ​នេះ​។

ក្នុង​ចំណោម​អ្នក​ផលិត​សម្បក​ណែម​ដែល​នៅ​សេសសល់ អ្នកស្រី មុំ ហួត វ័យ​៦៦​ឆ្នាំ គឺ​ជា​អ្នក​ផលិត​សម្បក​ណែម​ដ៏​លេច​ធ្លោ​ម្នាក់។ អ្នក​ស្រី​ចាប់​ផ្ដើម​ផលិត​សម្បក​ណែម​តាំង​ពី​ជំទង់​មក​ម្ល៉េះ​។ អ្នកស្រីបញ្ជាក់ថា អាជីវកម្ម​នេះពិបាក តែ​បាន​ប្រាក់​ចំណេញតិច ប៉ុន្តែ​អ្នកស្រី​នឹង​មិន​បោះបង់​វា​ទេ។

តើអ្វីទៅ ដែល​​ជំរុញ​ទឹកចិត្ត​អ្នកស្រីឲ្យ​នៅ​បន្ត​របរ​នេះ? ចង់ដឹងច្បាស់ សូម​ទស្សនា​វីដេអូ​ដូចខាងក្រោម៖

ដើម្បី​ទស្សនា​វីដេអូ​ជាច្រើនទៀត សូម​ចុច​ត្រង់នេះ

អ្នកស្រី មុំ ហួត អ្នក​ផលិត​សម្បក​ណែម​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​ឃុំ​ដូនទាវ។ អ្នក​ស្រី​ចាប់​ផ្ដើម​ផលិត​សម្បក​ណែម​តាំង​ពី​ជំទង់​មក​ម្ល៉េះ​។
ក្មួយបង្កើត​របស់ អ្នក​ស្រី មុំ ហួត កំពុង​ចម្អិន​សម្បក​ណែម ដោយ​ដួស​ទឹក​​អង្ករ​​ខាប់​ៗ យក​ទៅ​វែក​ឱ្យ​ស្តើង​នៅ​លើ​ផ្ទាំង​ក្រណាត់ ដែល​គេ​ចង​នៅ​លើ​មាត់​ឆ្នាំង​ដែល​មាន​ទឹក​ដាំពុះ​។ អ្នក​វែក (អ្នក​ចំហុយ) គឺ​ជា​មនុស្ស​សំខាន់​ម្នាក់​នៅ​ក្នុង​សង្វាក់​ផលិត​កម្ម​សម្បក​ណែម​។ បរិមាណ​សម្បក​ណែម​ដែល​ផលិត​បាន​ក្នុង​មួយ​ថ្ងៃ គឺ​អាស្រ័យ​ទៅ​លើ​ភាព​ប៉ិន​ប្រសប់​របស់​អ្នក​វែក​នេះ​ហើយ​។
បន្ទាប់​ពី​ចំហុយ​ឆ្អិន​ហើយ សម្បក​ណែម​ត្រូវ​បាន​គេ​យក​ទៅ​ហាល​នៅ​លើ​បន្ទះ​រនាប​ (អ្នកឃុំដូនទាវ ហៅបន្ទះរនាបនេះថា ពិន) ធំ​មួយ​។ ក្នុង​មួយ​ពិន គេ​អាច​ហាល​បាន​សម្បក​ណែម ពី​៦០​ទៅ​៧០​បន្ទះ​។
ក្មួយ​ប្រុស​របស់​អ៊ំ មុំ ហួត កំពុង​លើក​ពិន​ដែល​ពេញ​ដោយ​សម្បក​ណែម ទៅ​ហាល​នៅ​ចំហៀង​ផ្ទះ​របស់​គាត់​។ ការ​ហាល​សម្បក​ណែម​ពឹង​ផ្អែក​លើ​ព្រះ​អាទិត្យ​ទាំង​ស្រុង​។ រដូវ​ប្រាំង សម្បក​ណែម​ហាល​ឆាប់​ស្ងួត​ជាង​រដូវ​វស្សា​ដែល​មិន​សូវ​សម្បូរ​ពន្លឺ​ថ្ងៃ​ហើយ​ភ្លៀង​ច្រើន​។
នៅ​ពេល​រសៀល ឬ​ពេល​ដែល​សម្បក​ណែម​ស្ងួត​ល្អ​ហើយ អ្នកស្រី មុំ ហួត ចាប់​ផ្ដើម​បក​សម្បក​ណែម​ចេញ​ពី​ពិន ហើយ​យក​ទុក​មួយ​អន្លើ មុន​នឹង​ត្រូវ​យក​ទៅ​ហាល​ទឹក​សន្សើម​ដើម្បី​ឲ្យ​សម្បក​ណែម​ស្រពាប់​ល្អ ងាយ​ស្រួល​ទុក​ដាក់​។

ទស្សនា​វីដេអូគួរឲ្យ​ចាប់​អារម្មណ៍​ផ្សេងទៀត ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;